ពោធិ៍សាត់ៈ
ឈើប្រណីតប្រភេទធ្នង់ ១៥៧ កំណាត់ និងឈើដុំបួនជ្រុងទ្រវែង ៥០០
ដុំព្រមទាំងគ្រឿងចក្រអារឈើ ៣ គ្រឿង
និងឧបករណ៍កែច្នៃឈើល្មើសច្បាប់មួយចំនួនត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស
និងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់បង្ក្រាប
និងរឹបអូសបានពីទីតាំងល្មើសច្បាប់ ៣ កន្លែងផ្សេងគ្នា
បន្ទាប់ពីចុះប្រតិបត្តិការ ២ សប្ដាហ៍នៅភូមិក្សេត្របុរី ឃុំសន្រែ្ទ
ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ នេះបើតាមមន្ត្រីកងរាជអាវុធហត្ថពីម្សិលមិញ។
លោក អេង ហ៊ី
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានថ្លែងថាប្រតិបត្តិការនេះបានធ្វើឡើងចាប់ពីថ្ងៃទី
៣ ខែមករាដោយមានការចូលរួមពីអាវុធហត្ថខេត្ត។
ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានរកឃើញទីតាំងលួចលាក់ច្នៃឈើល្មើសច្បាប់
៣ កន្លែង និងរឹបអូសឈើមូលប្រភេទធ្នង់ ១៥៧ កំណាត់ ឈើជ្រុង ៥០០ ដុំ
គ្រឿងចក្រអារឈើ ម៉ាស៊ីនរ៉ៃ ៣ គ្រឿង
និងឧបករណ៍បម្រើបទល្មើសមួយចំនួនទៀត។
លោកបានបន្តថា៖ «នៅពេលនេះក្រុមសមត្ថកិច្ចយើងកំពុងបន្តស្រាវជ្រាវរកអត្តសញ្ញាណម្ចាស់ទីតាំងកែច្នៃឈើខុសច្បាប់ទាំងនោះដើម្បីសាកសួរ
និងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់»។
បើតាមលោក អេង ហ៊ី
វត្ថុតាងខាងលើនេះត្រូវបានយកទៅរក្សាទុកនៅទីស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដែលគ្រប់គ្រងដោយក្រុមមន្ត្រីបរិស្ថាន។
យ៉ាងណាក៏ដោយមន្ត្រីអាវុធហត្ថម្នាក់ដែលបានចូលរួមក្នុងប្រតិបត្តិការនេះបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថាពេលនេះក្រុមការងារបានកំណត់មុខសញ្ញាម្ចាស់ទីតាំង
និងអ្នកពាក់ព័ន្ធបានមួយចំនួនហើយ
ប៉ុន្តែមិនទាន់បង្ហើបឲ្យដឹងជាសាធារណៈនៅឡើយទេរង់ចាំប្រមូលភ័ស្ដុតាង
និងសាក្សីដាក់បន្ទុកបន្ថែមសិន។
ប្រភពដដែលនោះបានបន្តថា៖ «មន្ត្រីបរិស្ថានមួយចំនួនក្នុងតំបន់នោះអាចនឹងត្រូវបានគេសង្ស័យថាមានការពាក់ព័ន្ធទៅនឹងករណីនេះ»។
ពាក់ព័ន្ធទៅនឹងករណីនេះលោក
សាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តនេះ និងលោក អ៊ុន គឿន
ប្រធានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់មិនអាចទាក់ទងសុំការអធិប្បាយបានទេកាលពីថ្ងៃម្សិលមិញ៕
No comments:
Post a Comment