Thursday, January 19, 2017

កសិកម្ម​ដំឡូង​មី​ កម្ពុជា ​នៅ​តែ​ត្រូវ​បាន​គេ​មើល​រំលង


ភ្នំពេញៈ នៅ​ពេល​អាជ្ញាធរ​ថៃ​ហាម​ការ​នាំ​ចូល​ដំឡូង​ពី​កម្ពុជា​ដើម្បី​ជួយ​ដល់​កសិករ​របស់​គេ កសិករ​ខ្មែរ​នៅ​តាម​បណ្ដោយ​ព្រំដែន​ជាប់​នឹង​ប្រទេស​ថៃ​ធ្លាក់​ទៅ​ក្នុង​ភាព​អស់​សង្ឃឹម​ដោយ​សារ​តែ​មិន​អាច​លក់​ផលិតផល​របស់​ខ្លួន​បាន ឬ​លក់​បាន​ក្នុង​តម្លៃ​ទាប​ទៅ​ឲ្យ​ឈ្មួញ​កណ្តាល​។

ចាប់​តាំង​ពី​យើង​និយាយ​អំពី​ដំឡូង វា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​វា​ក្លាយ​ជា​រឿង​ធម្មតា​សម្រាប់​កសិករ​ខ្មែរ​ដែល​រង់ចាំ​តែ​ប្រទេស​ជិត​ខាង​ដូច​ជា​ថៃ និង​វៀតណាម ខណៈ​បញ្ហា​មិន​ត្រូវ​បាន​ដោះស្រាយ​។ នេះ​ជា​ការ​ត្អូញ​ត្អែរ​របស់​តំណាង​សហគមន៍​ដំឡូង​មី​នៅ​ខេត្ត​ប៉ៃលិន​។

អ្នក​ស្រី ស៊ុំ ហៀង ប្រធាន​សមាគម​ដំឡូង​ខេត្ត​ប៉ៃលិន ដែល​មាន​កសិករ​៥២​គ្រួសារ​ជា​សមាជិក​បាន​ឲ្យ​ដឹង​ថា កសិកម្ម​ដំឡូង​មី​កម្ពុជា​កំពុង​ជម្នះ​ការ​ពិបាក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ខណៈ​ទីផ្សារ​ពឹង​លើ​ប្រទេស​ជិត​ខាង ហើយ​បញ្ហា​មិន​ដែល​ត្រូវ​បាន​ដោះស្រាយ​ដោយ​រដ្ឋាភិបាល​។

អ្នក​ស្រី​បន្ត​ថា​៖ «​ជានិច្ច​កាល​យើង​ពឹង​លើ​ទីផ្សារ​ប្រទេស​ជិត​ខាង​។ គ្មាន​នរណា​ម្នាក់​ខ្វល់​អំពី​វិស័យ​ដំឡូង​នោះ​ទេ យើង​មិន​ដែល​ទទួល​បាន​ការ​គាំទ្រ​ហិរញ្ញវត្ថុ​ណា​មួយ​ពី​រដ្ឋាភិបាល ឬ​វិធានការ​ណា​មួយ​សម្រាប់​ការ​ធ្វើ​អន្តរាគមន៍ នៅ​ពេល​ដំឡូង​របស់​យើង​ត្រូវ​បាន​រារាំង​នៅ​តាម​ព្រំ​ដែន​នោះ​ទេ​»​

បច្ចុប្បន្ន​ដំឡូង​មី​ស្រស់ មាន​តម្លៃ​៤​បាត​ក្នុង​មួយ​គីឡូក្រាម​ប៉ុណ្ណោះ​។ នេះ​បើ​យោង​តាម​អ្នក​ស្រី ស៊ុំ ហៀង​។

អ្នក​ស្រី​បញ្ជាក់​ថា​៖ «​កសិករ​ភាគ​ច្រើន​បាន​បោះបង់​ការ​ដាំ​ដុះ​ដំឡូង ហើយ​ចាក​ចេញ​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ផ្សេង ហើយ​នៅ​សល់​តែ​មនុស្ស​ចាស់ៗ​ប៉ុណ្ណោះ​ដែល​មិន​មាន​ជម្រើស​»​

បើ​ទោះ​បី​យ៉ាង​នេះ​ក្តី មន្ត្រី​ក្រសួង​កសិកម្ម អះអាង​ថា រដ្ឋាភិបាល​មិន​ដែល​ព្រងើយ​កន្ដើយ​នឹង​កសិកម្ម​ដំឡូង​មី​នេះ​ឡើយ​។

លោក ឡោ រស្មី អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម បាន​បញ្ជាក់​ថា ដំណាំ​ដំឡូង​មី​ជា​ដំណាំ​កសិកម្ម​ធំ​ទី​ពីរ​បន្ទាប់​ពី​ស្រូវ ហើយ​រដ្ឋាភិបាល​កំពុង​ស្វះ​ស្វែងរក​ទីផ្សារ និង​លទ្ធភាព​ដោះ​ស្រាយ​បញ្ហា​នេះ​។

លោក​លើក​ឡើង​ថា​៖ «​នៅ​ពេល​នេះ​យើង​កំពុង​ព្យាយាម​បង្កើត​កិច្ច​ព្រម​ព្រៀង​ជាមួយ​ប្រទេស​ថៃ ដើម្បី​ទទួល​បាន​កូតា​សម្រាប់​ដំឡូង យើង​នឹង​ព្យាយាម​ជួយ​វិស័យ​ដំឡូង​តាម​រយៈ​ការ​ប្រើ​ប្រាស់​ការ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា ហើយ​វា​នឹង​ធានា​ទីផ្សារ​តម្លៃ​»​

លោក​ឲ្យ​ដឹង​ថា កសិកម្ម​ដំឡូង​មី​មិនទាន់​ស្ថិត​ក្នុង​បញ្ហា​នៅ​ឡើយ​ទេ​នៅ​ពេល​នេះ​។ លោក​បន្ត​ថា​៖ «​យើង​នៅ​តែ​កំពុង​ដោះស្រាយ​បញ្ហា​សម្រាប់​កសិករ ហើយ​អន្តរ​ក្រសួង​កំពុង​ស្វែងរក​ទីផ្សារ​សម្រាប់​ពួក​គេ​ផង​ដែរ​»​

លោក​បន្ថែម​ថា​៖ «​ដូច្នេះ​នៅ​ពេល​បច្ចុប្បន្ន​ដំឡូង​មិន​កំពុង​ប្រឈម​នឹង​បញ្ហា​ពិបាក​ណា​មួយ​នៅ​ឡើយ​ទេ​»​

យោង​តាម​លោក ឡោ រស្មី នៅ​ពេល​នេះ​មាន​រោងចក្រ​កែច្នៃ​ដំឡូង​ប្រហែល​៤ នៅ​ក្នុង​ប្រទេស ដែល​ត្រូវ​ការ​ដំឡូង​ប្រហែល​២០​ភាគរយ ខណៈ​ដែល​៨០​ភាគរយ​ទៀត​ត្រូវ​បាន​នាំ​ចេញ​។

លោក ខាន់ សំបាន ប្រធាន​នាយកដ្ឋាន​ដំណាំ​កសិកម្ម​ឧស្សាហកម្ម នៅ​ក្នុង​ក្រសួង​កសិកម្ម បាន​ឲ្យ​ដឹង​ថា ចាប់ពី​ឆ្នាំ​២០១៥ ដល់ ឆ្នាំ​២០១៦ ផ្ទៃ​ដី​ដាំ​ដុះ​ដំណាំ​ដំឡូង​មាន​ចំនួន ៥៧៣ ៦២៤ ហិកតា និង​ទទួល​បាន​បរិមាណ​ផល​ប្រចាំ​ឆ្នាំ​មាន​ជាង​១៣​លាន​តោន​។

លោក ម៉ី កល្យាណ ទីប្រឹក្សា​ជាន់​ខ្ពស់​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​បាន​ឲ្យ​ដឹង​ថា វិស័យ​កសិកម្ម​កម្ពុជា​នៅ​ពេល​នេះ​កំពុង​កើន​ឡើង ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​វិស័យ​នេះ​ក៏​មាន​បញ្ហា​ច្រើន​កើត​ឡើង​ជា​បន្ត​បន្ទាប់​ផង​ដែរ​។

លោក​បញ្ជាក់​ថា​៖ «​វិស័យ​កសិកម្ម​កំពុង​រីក​ចម្រើន ខ្ញុំ​ជឿថា វា​មាន​បញ្ហា​ច្រើន​នៅ​ក្នុង​វិស័យ​នីមួយៗ ដែល​រដ្ឋាភិបាល មិន​អាច​ពិនិត្យ​មើល​ទាំង​អស់​បាន​ទេ​»​
លោក​បាន​បន្ត​ថា ក្រុមហ៊ុន​ផលិត និង​ក្រុម​ហ៊ុន​នាំ​ចេញ​គួរ​តែ​ធ្វើ​ការងារ​រួម​គ្នា​ដើម្បី​បង្រួប​បង្រួម​ការ​ដឹក​នាំ​ដ៏​រឹងមាំ និង​ធ្វើ​ការងារ​ជា​ប្រព័ន្ធ​ដើម្បី​ដោះស្រាយ​បញ្ហា និង​បញ្ចុះ​បញ្ចូល​រដ្ឋាភិបាល​សម្រាប់​ការ​ចាត់​វិធានការ​។

លោក​បាន​បន្ថែម​ថា​៖ «​តម្លៃ​នឹង​មិន​ប្រែប្រួល ប្រសិន​បើ​យើង​អាច​ធានា​ការ​គ្រប់​គ្រង​លើ​គុណភាព នៅ​ក្នុង​ការ​បង្កើន​ទំនុក​ចិត្ត​ដល់​អ្នក​ទិញ ហើយ​បញ្ហា​នឹង​ត្រូវ​បាន​ដោះ​ស្រាយ​»

No comments: