កោះបាលី:
ព្រៃស្វាពិសិដ្ឋអ៊ូប៊ុដ គឺជាតំបន់អភិរក្សធម្មជាតិសម្រាប់សត្វស្វា ៣៤០
ក្បាល ដែលរស់នៅជាក្រុមៗ ហើយក្រុមនីមួយៗគ្រប់គ្រងដែនដីផ្ទាល់ខ្លួន។
ផ្អែកលើព័ត៌មានពីមន្ដ្រីមូលដ្ឋាន
ក្នុងព្រៃនេះមានក្រុមស្វា ៤ ប្រភេទដោយមានមេដឹកនាំដែលទទួលបានការគោរព
និងមានអាទិភាពជាងសត្វដទៃ។
ផ្ទៃដីព្រៃប្រមាណ ២៧ ហិកតា
មានរុក្ខជាតិប្រហែលជា ១១៥ ប្រភេទ ដូចជា ដូងសម្រាប់តាំងលម្អ ឫស្សី
ឈើខ្លឹមអាកាហ្ស៊ូ ដើមពោធិ៍ ព្រៃវេទមន្ដ និងរុក្ខជាតិផ្សេងៗទៀត។
រុក្ខជាតិត្រូពិកប្លែកៗបានក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ។
ដើមឈើខ្លះត្រូវបានចាត់ទុកជាវត្ថុពិសិដ្ឋ
ព្រោះវាត្រូវបានប្រើក្នុងពិធីសាសនានិងអបិយជំនឿ។
Content image - Phnom Penh Post
ភ្ញៀវទស្សនាទ័ពស្វារាប់រយក្បាលក្នុងព្រៃស្វាពិសិដ្ឋដ៏ត្រជាក់រហឹម។
ជាក់ស្ដែង ដើមម៉ាជេហ្គេន
ត្រូវបានប្រើសម្រាប់សង់អារាម
ហើយដើមពោធិ៍ដ៏ពិសិដ្ឋដែលស្លឹករបស់វាត្រូវបានប្រើក្នុងពិធីបុណ្យសព។
ភ្ញៀវទេសចរដែលមកកម្សាន្ដទីនេះអាចស្វែងយល់ពីអត្ដចរិតទ័ពស្វាឃ្យូតៗទាំងនេះ
ខណៈដែលរីករាយនឹងសម្រស់ធម្មជាតិ។
ព្រៃក្រាស់ដែលដុះក្នុងតំបន់អភិរក្សនេះ
ធ្វើឲ្យខ្យល់អាកាសត្រជាក់ល្ហឹម និងជំនោរបរិសុទ្ធ។ បន្ថែមពីនេះ
ភ្ញៀវទេសចរក៏អាចប្រាស្រ័យទាក់ទងជាមួយហ្វូងក្ដាន់ដែលត្រាច់ចរគ្រប់ទីកន្លែង។
ព្រៃស្វាពិសិដ្ឋអ៊ូប៊ុដ
បើកទ្វារស្វាគមន៍ភ្ញៀវពីម៉ោង ៨ ព្រឹកដល់ម៉ោង ៦ ល្ងាច។
ក្រោយពីចតរថយន្ដក្នុងចំណតដែលមានទីធ្លាធំទូលាយ
ភ្ញៀវអាចដើរសំដៅទៅកាន់បញ្ជរលក់សំបុត្រដោយផ្ទាល់។
Content image - Phnom Penh Post
ប្រាសាទនៅក្នុងព្រៃស្វាពិសិដ្ឋអ៊ូប៊ុដដ៏ទាក់ទាញភ្ញៀវទេសចរ។
សំបុត្រចូលទស្សនាមានតម្លៃ ៣
ដុល្លារសម្រាប់មនុស្សធំ និង ២,២៥ ដុល្លារសម្រាប់ក្មេង
ហើយថ្លៃចតរថយន្ដ ០,៣៧ ដុល្លារ។
ពេលឈានជើងចូលព្រៃក្បែរខ្លោងទ្វារ ភ្ញៀវនឹងបានឃើញអ្នកលក់ចេកជាច្រើន។
ពួកគេលក់ចំណីស្វាទាំងនេះក្នុងតម្លៃថោកសមរម្យ។
ចូរទិញផ្លែចេកខ្លះ បើប្រាថ្នាចង់នែបនិត្យស្និទ្ធស្នាលជាមួយស្វា។
ការបានទស្សនាទីនេះវាជាបទពិសោធប្លែកអារម្មណ៍។
យ៉ាងណាមិញ
ភ្ញៀវទេសចរមិនត្រូវបានអនុញ្ញាតឲ្យដើរខុសផ្លូវដែលចង្អុលបង្ហាញដោយអ្នកគ្រប់គ្រងឡើយ
ពីព្រោះបើពួកគេដើរខុសផ្លូវ
ហ្វូងស្វារស់នៅក្នុងព្រៃពិសិដ្ឋនោះច្បាស់ជាខឹងសម្បា។
ពួកវាយល់ថា
ភ្ញៀវមកឈ្លានពានដែនដីរបស់ខ្លួនគ្រប់គ្រង និងគិតថា
វាគឺជាការគំរាមកំហែងដល់សន្ដិសុខរបស់ពួកវា៕HR
No comments:
Post a Comment